Pages

Monday, March 11, 2013

ជិះ​ម៉ូតូ​បុក​រថយន្ត​ដឹក​កុងតឺន័រ​​ឆ្លង​ផ្លូវ​ស្លាប់​ម្នាក់ របួស​ធ្ងន់​២​នាក់​


ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៣ ម៉ោង ០៩:២០
មនុស្សឆោឡោនៅកន្លែងកើតហេតុ

មនុស្សឆោឡោនៅកន្លែងកើតហេតុរាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ស្លាប់​​ភ្លាមៗ​នៅ​នឹង​កន្លែង​​ ចំណែក​​២​នាក់​ទៀត​​រង​របួស​ធ្ងន់​​សល់​តែ​ដង្ហើម​​ចង្រិត​​​ត្រូវបាន​គេ​ បញ្ជូន​ទៅ​​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ​​បន្ទាប់​ពី​ពួក​គេ​​​ជិះ​ម៉ូតូ​​មួយ​គ្រឿង​បុក​ជា​មួយ​រថយន្ត​​​សម្រាប់​ ដឹក​កុងតឺន័រ​​​កំពុង​បើក​បត់​ឆ្លង​ផ្លូវ​ពេញ​ទំហឹង ។
​ឧប្បត្តិ​ហេតុ​​គ្រោះថ្នាក់​ចរា​ចរណ៍​នេះបាន​កើតឡើង​ ​កាល​ពីវេលា​ម៉ោង​​២​និង​៣០​នាទី​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​​១២ មីនា ​២០១៣ ​​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ ខាងលិច​កែង​ផ្លូវ​អូរដឹម​កប់​ស្រូវ ​ស្ថិតក្នុង​ភូមិ​ជម្ពូវ័ន សង្កាត់​​ចោមចៅ ខណ្ឌ​​ពោធិ៍សែនជ័យ ​។
​យុវជន​​ស្លាប់​បាត់​បង់​ជីវិត​ឈ្មោះ​​ហ៊ិន ​ឆែម ​អាយុ​​២៣​ឆ្នាំ ជា​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​មាន​ស្រុក​កំណើត​ភូមិ​ជ្រៃ ឃុំ​សន្ទុក​ ស្រុក​ទ្រាំង ខេត្ត​តាកែវ ​ស្នាក់​នៅ​ផ្ទះជួល​ក្នុង​សង្កាត់​កន្ទោក ខណ្ឌពោធិ៍​សែនជ័យ ។ ដោយ​ឡែក​អ្នក​របួស​ធ្ងន់​​​​​ម្នាក់​ឈ្មោះ​នាក់ ភក្តី អាយុ​២៥​ឆ្នាំ មាន​ស្រុក​កំណើត​ភូមិ​តានី ឃុំ​តា​នី ស្រុក​ទូក​មាស ខេត្ត​កំពត និង​ម្នាក់​ទៀត​ឈ្មោះ​បាន ធី អាយុ​ជាង​២០​ឆ្នាំ មាន​ស្រុក​កំណើត​​ភូមិ​ចាប់​ទា ឃុំ​មនោរម្យ ស្រុក​ថ្ពង ​ខេត្ត​កំពង់ស្ពឺ ។ ​
ពួកគេទាំង​២​នាក់​​ជា​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ ​ស្នាក់​នៅផ្ទះ​ជួល​​នៅ​ក្នុង​សង្កាត់​កន្ទោក ​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រីម​សេ​១២៥ ​ស៊េរី​​ឆ្នាំ​២០០៩ បិទ​តែម​ឆ្នាំ​២០១០ ​ពណ៌ខ្មៅ រី​ឯរថយន្ត​​មិនត្រូវបាន​គេ​ស្គាល់​ម៉ាក​នោះទេ គ្រាន់តែ​ដឹងថា ជារថយន្ត​សម្រាប់​ដឹក​កុងតឺន័រ​ ប៉ុន្តែ​ពេល​នោះ​អត់​មាន​ដាក់​តួ​​កុងតឺន័រ​​នៅលើ​នោះ​ឡើយ ៕

0 comments:

Post a Comment