Pages

Sunday, March 10, 2013

សមត្ថកិច្ច​បង្ក្រាប​​សំបុក​ក្រុម​ជួញដូរគ្រឿងញៀន​​នៅក្រុងបាវិត

គ្រឿងញៀនដែលរឹបអូសបាន ថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៣ ម៉ោង ១៧:១៣

ខេត្ត​ស្វាយរៀង ៖ សមត្ថកិច្ច​ក្រុម​ការ​ងារ​សន្តិ​សុខ​ព្រហ្ម​ទណ្ឌ​សហ​ការ​ជា​មួយ​កម្លាំង​ នគរបាល​ការិយា​ល័យ​​គ្រឿងញៀននៃ​​ស្នងការ​ដ្ឋាន​​នគរ​បាល​​​ខេត្ត និង​អាជ្ញាធរ​​មូល​ដ្ឋាន​ក្រុងបាវិត​បាន​បង្ក្រាប​ក្រុម​ជួញដូរគ្រឿងញៀន​​ ទ្រង់​ទ្រាយធំ​មួយ​ដែល​ពួក​ឧក្រិដ្ឋ​ជន​ធ្វើ​សកម្ម​ភាព​ជួញដូរ​គ្រឿងញៀន​​ នៅក្នុង​កាស៊ីណូ​ឡាវីហ្គាស​សាន់ និង​ផ្ទះ​សំណាក់​​មួយចំនួន​ក្នុង​​ក្រុងបាវិត ចាប់ជនសង្ស័យ​​បាន​ចំនួន​៤​នាក់​ ស្រី​២​​នាក់ និង​រឹប​អូស​​វត្ថុតាង​ «គ្រឿងញៀន» មួយ​ចំនួនធំ។
ករណី​បង្ក្រាប​ក្រុម​ជួញដូរគ្រឿងញៀន​​នេះធ្វើឡើង​ កាលពីវេលាម៉ោង​១​​រំលងអធ្រាត្រឈាន​ចូល​ថ្ងៃទី​៩ មីនា ២០១៣ ​នៅ​ស​ង្កាត់​បាវិត ​ក្រុង​បាវិត ។ បើតាម​សមត្ថ​កិច្ចបាន​ប្រាប់​ឱ្យ​ដឹងថា ជនសង្ស័យ​១-ឈ្មោះ​​ចាំង វុយ ហៅ​កឺកឺ​  ភេទ​ប្រុស អាយុ​​៤៤​ឆ្នាំ ជាជន​ជាតិ​ចិន ស្នាក​់​នៅ​បន្ទប់​​លេខ​៣០៣ ​​នៃផ្ទះ​សំណាក់​​ម៉ាល័យ ត្រូវសមត្ថ​កិច្ចចាប់ខ្លួន​បាន​នៅចំណុច​មុខផ្ទះ​​សំណាក់​ថៃសាន ។ ២-ឈ្មោះ​ង្វៀន ទីហាំង ហៅ​កាហាំង ភេទស្រី អាយុ​៣០​ឆ្នាំ ​ជាជនជាតិ​វៀតណាម ​ចាប់​ខ្លួន​នៅ​ក្នុង​កាស៊ីណូ ​ឡាវីហ្គាសសាន់ ។ ៣-ឈ្មោះ​ ​ង្វៀង ម៉ិញង៉ុក ​ហៅអាសក់​វែង ភេទប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​វៀត​ណាម ចាប់​ខ្លួន​នៅផ្ទះ​សំណាក់​​ផ្កាឈូក បន្ទប់​លេខ​៣០៦ ​។ ៤-ឈ្មោះ​ឡេ ធីរ៉ាត់ ​ភេទស្រី អាយុ​៦០​ឆ្នាំ ​ហៅយាយ​អ៊ុក ជនជាតិ​វៀតណាម ចាប់ខ្លួន​នៅ​ក្នុង​កាស៊ីណូ​ឡាវីហ្គាសសាន់ ។
សមត្ថ​កិច្ច​​បន្តទៀតថា ក្រោយ​ពីធ្វើ​ការ​សាកសួរ​ជនសង្ស័យ និង​យោង​តាម​ប្រភព​ព័ត៌​មាន​ជំនាញ​សមត្ថ​កិច្ចបានធ្វើ​ការ​ឆែកឆេរ​​បន្ទប់​ ចំនួន​៣​បន្ថែម​ទៀត នៅផ្ទះ​សំណាក់​​ម៉ាល័យ ​ផ្ទះ​សំណាក់​ផ្កាឈូក ​និងកាស៊ីណូ​ឡាវីហ្គាស​សាន់ សមត្ថ​កិច្ចរឹប​អូស​បាន​ម្សៅ​ក្រាម​ ពណ៌ស ​«មេតំហ្វេតាមី​ន» ​ចំនួន​២៩​​កញ្ចប់ធំ  និង​១៦​កញ្ចប់តូច ទូរស័ព្ទដៃ​៤​គ្រឿង ជញ្ជីង​ថ្លឹង​១ ថង់​​ប្លាស្ទីក​សម្រាប់​ខ្ចប់​រាប់​រយ និង​សម្ភារ​​សម្រាប់​ជក់​គ្រឿង​ញឿន​មួយចំនួន​៕
 

0 comments:

Post a Comment